បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានសម្ភាសលោក Erik ten Hag សម្រាប់តួនាទីរបស់អ្នកចាត់ការថ្មីរបស់ពួកគេ ដូចដែលបានបញ្ជាក់ដោយប្រភពគួរឱ្យទុកចិត្តជាច្រើន។
អ្នកជំនាញផ្ទេរបាល់ទាត់កំពូលលោក Fabrizio Romano បានបញ្ជាក់ពីរឿងនេះ ហើយអះអាងថា ក្រុមបិសាចក្រហម Manchester United ពេញចិត្តនឹងសមត្ថភាពនិយាយភាសាអង់គ្លេសរបស់អ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag ដែលបច្ចុប្បន្នជាអ្នកចាត់ការក្រុមយក្សហូឡង់ Ajax។
ក្រុមបិសាចក្រហម ឥឡូវនេះបាននឹងកំពុងសម្ភាសបេក្ខជនគ្រូបង្វឹកពីរបីនាក់ទៀត មុនពេលធ្វើការសម្រេចចិត្តចុងក្រោយថា តើនរណាជាអ្នកស្នងតំណែងរបស់លោក Ralf Rangnick ដែលកំពុងដឹកនាំ Manchester United ប្រឈមគ្មានកៅអីលេងនៅ Champions League នារដូវកាលក្រោយ។
យ៉ាងណាមិញ គ្រូបង្វឹកឆ្នើមៗដូចជាលោក Luis Enrique, Mauricio Pochettino, និង Julen Loptegui គឺស្ថិតនៅក្នុងបញ្ជីចង់បានរបស់ពួកគេ ខណៈដែល Man Utd មានគោលបំណងដោះស្រាយស្ថានភាពគ្រូបង្វឹកឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន។ លោក Ten Hag នៅតែជាគោលដៅទី១ របស់ក្លឹប ហើយកំពុងរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូររដូវក្តៅទៅកាន់ Old Trafford៕
Tags
កីឡា



