អង់គ្លេស៖ ខ្សែប្រយុទ្ធធ្លាក់កូដកីឡាករ Timo Werner របស់ក្លឹបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា កំពុងរំអុកចង់ចាកចេញពីក្លឹបហើយ។
ជាការពិតណាស់ Timo Werner បានផ្លាស់ពីក្លឹប RB Leipzig មកចូលរួមជាមួយក្រុមតោខៀវ កាលពីឆ្នាំ ២០២០ ក្នុងតម្លៃខ្លួន ៥៣លានអឺរ៉ូ (ឬប្រមាណ ៦០លានដុល្លា)។ យ៉ាងណាមិញ រូបគេធ្លាប់តែជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេកាលនៅលីគអាល្លឺម៉ង់ ក៏ប៉ុន្តែចាប់តាំងពីគេមកដល់កីឡដ្ឋាន Stamford Bridge មក គេបង្ហាញខ្លួនបាន ៨០ដង និង រកគ្រាប់បាល់បានតែ ១៩គ្រាប់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត Timo Werner តែងតែត្រូវអ្នកគាំទ្ររិះគន់ជានិច្ច អំពីបញ្ហាដែលគេស៊ុតមិនងាយចូលទី ទោះបីជាបាល់នោះងាយនឹងស៊ុតចូលប៉ុណ្ណាក៏ដោយ។
យ៉ាងណាមិញ បើយោងទៅតាមសារកាសែត The Hard Tackle បានចុះផ្សាយឲ្យដឹងថា Werner ចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge ខ្លាំងណាស់ នៅរដូវក្តៅខាងមុខនេះ ហើយទន្ទឹមនឹងនេះផងដែរ ក្លឹបក៏យល់ព្រមបើកទ្វារឲ្យគេដើរចេញ ប្រសិនបើក្លឹបណាហ៊ានចាយលុយ ៤០លានអឺរ៉ូ (ឬប្រមាណ ៤៤លានដុល្លា) ដើម្បីយកគេទៅរួមក្រុម៕
Tags
កីឡា


