បរទេស៖ ពេលវេលារបស់ Lionel Messi នៅទឹកដី Paris Saint-Germain រហូតមកដល់ពេលនេះ មិនទាន់ធ្វើបានល្អនៅឡើយនោះទេ ដោយកីឡាករអាហ្សង់ទីនរូបនេះ មិនបានដឹកនាំក្រុម Parisians ឈ្នះពានរង្វាន់ Champions League នោះទេ។
លោក Mario Kempes ជាវីរបុរសបាល់ទាត់របស់ប្រទេសអាហ្សង់ទីនជឿថា មិត្តរួមជាតិរបស់គាត់មិនសប្បាយចិត្តទេ ហើយទោះបីជាគាត់មិនគិតថាក្លឹបអ្នកមានបុណ្យ Barcelona នឹងស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់គាត់ក៏ដោយ ក៏លោក Kempes មិនមើលឃើញខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំស្នាក់នៅ PSG យូរទៀតនោះទេ ប្រសិនបើអ្វីៗនៅតែបន្តបែបនេះ។
Mario Kempes គាត់បានប្រាប់វិទ្យុ Super Deportivo ថា៖ “ខ្ញុំមិនដឹងថាតើ Barcelona នឹងស្វាគមន៍គាត់ដោយបើកចំហរឬអត់នោះទេ ពីព្រោះគាត់បានចាកចេញតាមរបៀបដែលគ្មាននរណាម្នាក់រំពឹងទុក ហើយឥឡូវនេះគាត់នឹងត្រលប់មកវិញតាមរបៀបដែលគ្មាននរណាម្នាក់រំពឹងទុក។ វាមានភាពស្មុគស្មាញណាស់”។
គួរបញ្ជាក់ផងដែរថា Mario Kempes បុរសវ័យ ៦៧ឆ្នាំខាងលើបន្តទៀតថា៖ “ប្រសិនបើកំពូលកីឡាករ Messi នឿយហត់នៅ PSG គាត់នឹងត្រូវដោះស្រាយស្ថានភាពរបស់គាត់ ហើយមើលថាតើគាត់ចង់ធ្វើអ្វីជាមួយអនាគតរបស់គាត់។ PSG មិនមែនជា Barcelona ទេ។ នៅ Barcelona គាត់ជាស្តេច។ នៅ PSG គាត់មិនសប្បាយចិត្តដូចពេលគាត់នៅ Barcelona ទេ”។
យ៉ាងណាមិញ លោក Kempes លើកឡើងទៀតថា៖ “គាត់នៅតែជាស្តេចនៃពិភពលោក ប៉ុន្តែលទ្ធផលមិនកើតឡើងទេ ហើយវាប៉ះពាល់ដល់គាត់ បើទោះបីជាគាត់ញញឹមនៅពេលខ្លះក៏ដោយ។ ខ្ញុំមិនគិតថា Messi នឹងស្ថិតនៅ PSG យូរនោះទេ ប្រសិនបើអ្វីៗនៅតែបន្តដូចពេលនេះ”៕
Tags
កីឡា






