អេស្ប៉ាញ៖ នេះបើយោងតាមប្រភពជិតស្និទ្ធនឹង ខ្សែប្រយុទ្ធ Eden Hazard បានបង្ហើបឲ្យដឹងថា កីឡាករសញ្ជាតិបែលស៊ិករូបនេះពិតជាក្រៀមក្រំខ្លាំងណាស់ បន្ទាប់ពីលោក Carlo Ancelotti ពុំបានដាក់រូបគាត់ឲ្យចូលលេងក្នុងជំនួប El Clasico ដើមឆ្នាំ២០២២ នេះក្នុងលីគLaligaកាលពីសប្តាហ៍មុននេះ។
កាលពីថ្ងៃទី២១ខែមីនាកន្លងទៅក្រុមបាល់ទាត់ Real Madrid បានចាញ់ក្រុមអ្នកមានបុណ្យ Barcelona ដល់ទៅ៤ទល់នឹង០ នៅក្នុងដីខ្លួនឯង ដោយក្នុងនោះខ្សែប្រយុទ្ធ Hazard គ្រាន់តែមានឈ្មោះអង្គុយកៅអីបម្រុងប៉ុណ្ណោះនិងពុំត្រូវលោកគ្រូបង្វឹក Ancelotti ប្ដូររូបគេចូលនោះឡើយបើទោះបីជារូបគេពុំមានរងរបួសណាមួយក៏ដោយ។
កំពូលខ្សែប្រយុទ្ធ Eden Hazard ទើបតែបានបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្រុម Alaves ក្នុងរយៈពេលតែ៦នាទីគត់ និងបានចូលលេង៩នាទី ក្នុងការប្រកួត Champions League ទល់នឹង PSG ដែលនេះជាទង្វើមួយបង្ហាញថាលោក Carlo Ancelotti មិនចាត់ទុកគេជាកីឡាករសំខាន់របស់ក្រុមឡើយ។
បើតាមសារព័ត៌មាន Goal បានចុះផ្សាយថា កីឡាករ Eden Hazard ពិបាកចិត្តដែលខ្លួនឯងពុំបានចូលលេងញឹកញាប់ដូចកាលនៅតោខៀវ Chelsea ស្របពេលត្រូវរបួសញាំញីម្ដងហើយម្ដងទៀត។
ប្រភពជិតស្និទ្ធនឹង Hazard បានបង្ហើបថា៖ គេពិតជាចង់ចូលលេងណាស់។ គេកំពុងក្រៀមក្រំចិត្តហើយ។ គេមានរាងកាយរឹងមាំណាស់គឺមិនមានឈឺអ្វីទាល់តែសោះ៕
Tags
កីឡា




